ទំព័រដើម / ការប្រកួតពន្យល់ពាក្យភាសាខ្មែរ លើកទី៤ វគ្គផ្តាច់ព្រ័ត្រ
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី៤ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សូវ ហុងគុយ ជាន់ទី១៧ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ មានបេក្ខជនចូលរួមជាច្រើននាក់។ ដោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ គណៈកម្មការបានរកឃើញបេក្ខជនដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ។ នេះជាលើកទី៤ហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរនេះឡើងសម្រាប់ប្អូនសិស្សានុសិស្សថ្នាក់៤ ដល់ថ្នាក់ទី៦ ក្នុងគោលបំណងសំខាន់ៗមានដូចខាងក្រោម៖
១. បណ្តុះស្មារតីសិស្សឱ្យមានភាពក្លាហាន។
២. ពង្រឹងទៅការប្រើប្រាស់ភាសាខ្មែររបស់សិស្សានុសិស្សឱ្យកាន់តែមានភាពត្រឹមត្រូវទាំងការអាន និងការសរសេរ។
៣. ឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់នូវអត្ថន័យ នៃពាក្យនីមួយៗដែលសិស្សប្រើក្នុងការសរសេរ និងការប្រាស្រ័យទាក់ទងគ្នា។
៤. បណ្តុះស្មារតីសិស្សឱ្យចេះប្រើប្រាស់វចនានុក្រមរបស់ខ្មែរនៅពេលដែលខ្លួនមិនច្បាស់លាស់ក្នុងការសរសេរពាក្យខ្មែរណាមួយ។
៥. បណ្តុះឱ្យសិស្សផ្តល់តម្លៃ និងលើកតម្កើងភាសាជាតិរបស់ខ្លួន។
សម្រាប់អ្នកទទួលបានជ័យលាភី៖
- ជ័យលាភីលេខ១ នឹងទទួលបានអាហារូបករណ៍សិក្សា១០០% មេដាយមាស សៀវភៅវចនានុក្រម និងវត្ថុអនុស្សាវរីយ៍។
- ជ័យលាភីលេខ២ នឹងទទួលបានអាហារូបករណ៍សិក្សា៧៥% មេដាយប្រាក់ សៀវភៅវចនានុក្រម និងវត្ថុអនុស្សាវរីយ៍។
- ជ័យលាភីលេខ៣ នឹងទទួលបានអាហារូបករណ៍សិក្សា៥០% មេដាយសំរឹទ្ធិ សៀវភៅវចនានុក្រម និងវត្ថុអនុស្សាវរីយ៍។